៥៨- សុរិយាចន្ទ្រានិងព្រះធម្មា
បើដង្ហើមមានម្តេចបានជាស្លាប់ បើផ្លូវមានស្រាប់ម្តេចទៅមិនដល់
បើដឹងថាទាបម្តេចដកកំណល់ បើចេះឥតទាល់ម្តេចក៏ខុសញឹក។
បើចង់ត្រឹមត្រង់ម្តេចមិនរកខ្នាត បើខ្លួនមិនស្អាតម្តេចមិនងូតទឹក
បើចេះតែភ្លេចម្តេចមិនរំលឹក ទូន្មានល្ងាចព្រឹកម្តេចធ្វើមិនឮ។
បើដឹងថាល្ងង់ម្តេចមិនរៀនគិត ដឹងថាងងឹតម្តេចមិនបំភ្លឺ
បើត្រចៀកថ្លង់ម្តេចក៏ស្តាប់ឮ បើភ្នែកល្អភ្លឺម្តេចមើលមិនច្បាស់។
បើពេទ្យពូកែម្តេចមិនធូរស្បើយ បើរៀបល្អហើយម្តេចមិនស្រឡះ
បើកិត្តិយសមានម្តេចឥតអៀនខ្មាស បើដឹងថាខ្វះម្តេចមិនបង្គ្រប់។
សុរិយាបំភ្លឺត្រឹមតែពេលថ្ងៃ ចន្ទពេញបូណ៌មីបំភ្លឺពេលយប់
រីឯព្រះធម៌សែនល្អលើសលប់ បំភ្លឺថ្ងៃយប់ឥតបង់រស្មី។
បំភ្លឺដល់ជនដែលប្រព្រឹត្តល្អ គោរពព្រះធម៌សន្សំបារមី
រក្សាកិត្តិយសរស់នៅមានន័យ ទោះចាប់ភពថ្មីក៏មិនងងឹត ។
ដោយឧបាសក គុយ សុធន
(សៀវភៅព្រះពុទ្ធភាសិត ៤៣ គាថា ទំព័រ៧៩)
No comments