១២- កុំរកទោសគេ
សេពគប់នឹងល្បែងវិនាសតែងចាំ ប្រព្រឹត្តចោរកម្មគុកចាំទទួល
ប្រព្រឹត្តមិនសមអារម្មណ៍មិនស្រួល សតិប្រែប្រួល ដួលព្រោះស្រវឹង។
គួរសាងកុសលតម្កល់ចិត្តកាយ រស់ដោយសប្បាយរំសាយកំហឹង
កុំឱ្យស្តាយក្រោយដោយថាមិនដឹង បាបធ្ងន់យ៉ាងហ្នឹងគួរដឹងគួរវាង។
ខ្លួនទីពឹងខ្លួនតាមក្បួនតម្រា ព្រះធម៌ចែងថាជីវិតមិនទៀង
កុំអាងនៅក្មេងវង្វេងនឹងរាង បញ្ឆិតបញ្ឆៀងផ្ទៀងរកទោសគេ។
កំហុសខ្លួនឯងជាក់ស្តែងឥតស្តី ទោសអ្នកដទៃរំពៃធំទ្វេ
ដំរីមួយស្លាប់បាំងនឹងចង្អេរ ជិតដែរឬទេគួរពិចារណា ។
កំហុសតែងមានចំពោះអ្នកធ្វើ អ្នកអង្គុយមើលកុំចេះតែថា
គួរមានមេត្រីដោយក្តីមេត្តា ទៅតាមធម៌អាថដែលព្រះទូន្មាន។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៨)
No comments