៣២- ចេះពិតមិនអត់
ចេញដំណើរយឺតតែមានគោលដៅ ល្អជាងលឿនស្លៅទាំងមិនដឹងទិស
សង់ផ្ទះតូចទាបគង់តែមានគ្រឹះ ឈើខ្ពស់ឥតឫសមានអ្វីប្រាកដ។
ឈើខ្ពស់ដើមលៃតែងភ័យនឹងខ្យល់ ឈើទាបមែកទាល់ខ្វល់នឹងវល្លិ៍ព័ទ្ធ
ឈើខ្លឹមឫសធំថ្មភ្នំសង្កត់ ឈរមាំអំណត់អត់ខ្លាចព្រះពាយ។
នោះយ៉ាងណាមិញចំណេះចេះស្ទាត់ ឥតភ័យក្រែងអត់ប្រាកដពណ្ណរាយ
ការងារសុចរិតឥតគិតរាយមាយ បុណ្យទានឥតស្តាយចំណាយបូជា។
នេះហៅថាចេះចំណេះខាងត្រូវ ឥតចេញចាកផ្លូវនៃព្រះធម្មា
ស្ថានសួគ៌ស្ថានសុខចាំគ្រប់វេលា និព្វានបើកទ្វារជានិច្ចរង់ចាំ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៨)
No comments