៣៧- អាក្រក់បាត់ល្អ
សមុទ្រគ្រប់រដូវត្រូវតែទឹកប្រៃ ភ្លើងទោះយប់ថ្ងៃគឺត្រូវតែក្តៅ
មានជាតិកំណើតត្រូវតែសោកសៅ ម៉ែឪកូនចៅកើតត្រូវតែស្លាប់។
ហេតុនេះរស់នៅត្រូវកុំប្រមាទ ប្រព្រឹត្តល្អស្អាតត្រូវតាមផ្លូវច្បាប់
សាងតែកុសលរហូតដល់ស្លាប់ ចូររង់ចាំស្តាប់ចាប់ចំណាំទុក។
ប្រព្រឹត្តដូចសត្វបាត់បង់មនុស្សធម៌ បង្កើតវឹកវរបាត់សន្តិសុខ
ប្រព្រឹត្តតាមពាលរមៀលចូលគុក ឱ្យគេកើតទុក្ខមុខឆ្ពោះអបាយ។
ប្រព្រឹត្តភូតភរបាត់បង់សច្ចៈ ប្រព្រឹត្តលួចលាក់បាត់ភាពស្រស់ស្រាយ
ប្រព្រឹត្តផិតក្បត់ចូលក្បួនមហន្តរាយ ទៅរកសប្បាយឥតស្តាយកិត្តិយស។
បង្កទំនាស់បាត់អស់មិត្តភាព ប្រព្រឹត្តថោកទាបបាត់ភាពខ្ពង់ខ្ពស់
ជាប់ទោសមានទុក្ខមុខបាត់សម្រស់ ជីវិតនៅរស់បាត់អស់សេរី ។
ប្រព្រឹត្តសុចរិតឥតក្តៅក្រហាយ បុណ្យទានឥតស្តាយចំណាយមានន័យ
ប្រៀបដូចកំណប់កប់ទុកក្នុងដី នៅនាលោកិយឥតភយន្តរាយ ។
ជាតិនេះរិះរកយកផ្លូវបណ្ឌិត ដល់ជាតិក្រោយពិតស្ងប់ចិត្តសុខកាយ
បន្តសីលទានឥតមាននឿយណាយ បានសុខសប្បាយរហូតនិព្វាន។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៦២)
No comments