១៩- សាមគ្គីរឹងមាំសមនឹងឈ្មោះល្អ
សត្វគោមាឌតូចតែមានអំណត់ ក្របីធំធាត់តែចាញ់កំដៅ
សត្វរុយវារោមព្រោះមានដំបៅ គេស្គាល់ក្រយៅព្រោះឃើញមារយាទ។
សត្វសេះឥតស្នែងរាងខែងសមរម្យ ក្របីស្នែងធំរាងសមនឹងមាឌ
រស់ក្នុងសង្គមសមនឹងមានញាតិ ផ្ទះមិនចង្អៀតសមម្ចាស់ចិត្តល្អ។
ជនខ្វះអំណត់សមនឹងអត់សីល រីជនខូចខិលសមមិនស្គាល់ធម៌
បុគ្គលបួសប្លមសមអត់ចីវរ ចិត្តនៅញាប់ញ័រសមនឹងចង់ធំ។
តាបសសង្រួមសមនឹងខន្តី សច្ចំក្នុងព្រៃសមសីលឧត្តម
បើចិត្តនៅអៀនរៀនធ្វើឱ្យសម សាមគ្គីរឹងមាំសមឈ្មោះប្រពៃ។
ការងារឧត្តមសមនឹងចំណេះ ខំរៀនទើបចេះសមមានតម្លៃ
សង្រួមបានល្អសមធម៌វិន័យ សីលទានល្អក្រៃសមសទ្ធាមាំ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៥)
No comments