១៦- អ្នកចាតែថេះ
រឿងចាស់ឬក្មេងអាស្រ័យលើវ័យ រៀនធម៌វិន័យអាស្រ័យបញ្ញា
ចេះចាំតិចច្រើនជារឿងធម្មតា រឿងដែលអស្ចារ្យគឺការប្រតិបត្តិ។
ចេះចាំរត់មាត់ប្រាកដល្អគួរ ចេះឆ្លើយចេះសួរព្រះធម៌បរិយត្តិ
នេះហៅល្អចំល្អសមពេកក្តាត់ តែការប្រតិបត្តិកុំអាលទាន់ថា។
ដ្បិតមានអ្នកចេះតម្រិះតែមាត់ តែការអនុវត្តប្រាកដឥតការ
ឥតបានប្រយោជន៍ឥតមានខ្លឹមសារ នោះលោកហៅថា អ្នកចាតែថេះ ។
ជនជាបណ្ឌិតចេះគិតចេះថា ចេះចាំធម៌អាថឥតមានប្រហែស
ព្យាយាមប្រតិបត្តិតាមធម៌ដែលចេះ ឥតបង់ចំណេះហៅចេះប្រាកដ។
ពាក្យថាបញ្ញាជាពាក្យឧត្តម ចេះឥតបន្លំភោគផលឥតខ្សត់
ទោះទៅទីណាក៏មានអំណត់ មគ្គផលប្រាកដគង់តែនឹងបាន។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤២)
No comments