៥៦- ដំណាំត្រូវភ្លៀងស្រដៀងធម៌ល្អ
ជីវិតអ្នកភ្នំជំរំកម្មករ ព្យាយាមដំថ្មលក់យកកម្រៃ
ប្រៀបដូចកណ្តៀរព្យាយាមរាល់ថ្ងៃ ញាប់ទាំងជើងដៃពូនដំបូកថ្មី។
ជីវិតអ្នកស្រែអាស្រ័យលើទឹក ខំទាំងល្ងាចព្រឹកលើកភ្លឺទប់ដី
ប្រៀបដូចស្រមោចខំរកចំណី វស្សាឆ្នាំថ្មីមិនភ័យអត់ឃ្លាន។
ជីវិតទ្រុស្តធម៌វឹកវរឥតន័យ ពុំដែលគិតអ្វីអំពីសីលទាន
ប្រៀបដូចបក្សីជួបនុយលប់ព្រាន សប្បាយបំពានគ្មានគិតរឿងក្ស័យ។
ជីវិតមានធម៌ល្អជាប្រចាំ ប្រៀបដូចដំណាំត្រូវភ្លៀងរាល់ថ្ងៃ
ត្រួយស្លឹករីកស្រស់គ្មានធូលីដី រឿងចាស់រឿងថ្មីអ្នកផងចូលចិត្ត។
ពោលតែពាក្យពិតពាក្យដែលត្រូវធ្វើ ដូចឈើផ្កាច្រើនចម្រើនផ្លែពិត
អ្នកផងប៉ងជួបទោះនៅឆ្ងាយជិត រាប់រកជាមិត្តដោយចិត្តជ្រះថ្លា។
បានជួបម្តងៗរីករាយសប្បាយ ទុក្ខសោករសាយធូរពីកាយា
ដូចបានឱសថដែលចិត្តប្រាថ្នា ព្យាបាលរោគាជាយូរមកហើយ ។
ដោយឧបាសក គុយ សុធន
No comments