Header Ads

៩០- ខ្សែបូកាត់ស្រេចផ្តាច់ចិត្តកំណាញ់

រៀនរិះរេរករឿងរ៉ាវរៀបរាប់                   រៀនយកទម្លាប់ឱ្យធ្លាប់ធ្វើល្អ


បើរៀនបានខ្ពស់មានឈ្មោះបវរ              បើបានស្តាប់ធម៌ល្អរឹតតែស្រស់។


រៀនខ្ពស់មានធម៌ល្អក្រៃកន្លង                 បើបដិបត្តិផងល្អឥតមានខ្ចោះ


ទាំងក្នុងទាំងក្រៅល្អឥតអ្វីទាស់              ល្អគ្រប់ទាំងអស់ស្មោះនឹងកុសល។


មិនប្រព្រឹត្តខុសកន្លងព្រះធម៌                 មិនធ្វើវឹកវរ មិននាំកង្វល់


មិនធ្វើសង្គមឱ្យចលាចល                          មិននាំអំពល់ដល់អ្នកផងគ្នា។


ជីវិតរស់នៅកុំដើរផ្លូវខ្មោច                          ត្រូវធ្វើប្រយោជន៍គ្រប់ពេលវេលា


ឱ្យអ្នកដទៃអាស្រ័យសុខជា                        បានពឹងជាគ្នាគ្រាពេលមានភ័យ។


ហូបតែមួយពោះរស់តែមួយជាតិ            កុំឱ្យឃ្លៀងឃ្លាតពីធម៌វិន័យ


ទោះជាក្រីក្រក៏មានមេត្រី                        មានទ្រព្យលកលៃជួយជាតិសាសនា។


ខ្សែបូក្រហមអមម្ចាស់សទ្ធា                    មុខកុដិខ្លោងទ្វារវិហារសាលា


កសាងរួចស្រេចដូចក្តីប្រាថ្នា                  សូត្រមន្តទេសនាវេរដារឆាន់ឆ្លង។


ខ្សែបូល្អស្រស់របស់ម្ចាស់បុណ្យ              ចាយប្រាក់ដាក់ទុនបុណ្យជាសំណង


ធ្វើបុណ្យដាក់បាត្រជុំញាតិអ្នកផង       ចិត្តឥតសៅហ្មងក្រងបុណ្យឆ្លងត្រើយ។


ខ្សែបូកាត់ស្រេចផ្តាច់ចិត្តកំណាញ់       លែងជាភណ្ឌអញភណ្ឌឯងទៀតហើយ


ក្លាយជាគរុភណ្ឌសង្ឃទៅហើយ               គ្មានចោរណាឡើយលួចបានទេពៅ។


ទោះទៅទីណាភ្លឺថ្លាជានិច្ច                         បុណ្យមិនបំភ្លេចចងចិត្តចាំនៅ


តែងទ្រទ្រង់ម្ចាស់រហូតតទៅ                      ឆ្លងផុតជ្រោះជ្រៅទៅត្រើយនិព្វាន។


សូមញាតិទាំងឡាយព្រមដោយសទ្ធា      អនុមោទនាទទួលផលទាន


ដែលលោកម្ចាស់បុណ្យធ្វើទាំងប៉ុន្មាន      ទទួលឱ្យបានកុំបីខានឡើយ។


ទោះជាលំបាកតោកយ៉ាកយ៉ាងណា        ជរាពិការខ្វាក់ខ្វិនក៏ដោយ


បើមានសន្តោសក្នុងសន្តានហើយ           ឥតខ្វះអ្វីឡើយចិត្តស្រួលស្រណុក។


បើគ្មានសន្តោសនៅក្នុងសន្តាន                  ទោះមានប៉ុន្មានក៏ពុំបានសុខ


ទោះស្រួលផ្លូវកាយក៏ចិត្តរងទុក្ខ                 ទ្រព្យមានគ្រប់មុខចិត្តក្ររហាម។


សូមជូនមគ្គផលដល់អ្នកទាំងឡាយ         សូមឱ្យសុខកាយចិត្តក៏សុខតាម


សម្បូរសប្បាយចិត្តឥតរហាម                   ប្រព្រឹត្តតាមស្នាមព្រះយុគលបាទ។


កុំឱ្យបែកបែរប្រែជាដទៃ                            ផុតទុក្ខផុតភ័យបញ្ញាវៃឆ្លាត


កម្លាំងខ្លាំងក្លារាងកាយល្អស្អាត                 ពាក្យថាខ្វះខាតកុំបីជួបឡើយ។


ដោយឧបាសក គុយ  សុធន


(សៀវភៅ៤៨ ធម្មទស្សន៍ទំព័រ ៨១)

No comments

Theme images by Petrovich9. Powered by Blogger.