២៤- កុំភ្លេចបរលោក
ការស្លាប់ជាច្បាប់នៃជីវិត តែលោភៈចិត្តនាំសោកា
ភ្លេចគិតការស្លាប់ជាធម្មតា ជនគ្រប់រូបាស្លាប់គ្រប់គ្នា។
ទោះស្តេចសេដ្ឋីមន្ត្រីរាស្ត្រ កុំមានមានះអាងទ្រព្យា
ភ្លេចសេចក្តីស្លាប់ភ្លេចជរា មច្ចុទាមទារទើបភ័យស្លន់ ។
រឿងយសរឿងសក្តិមាសប្រាក់ក្តី ពេលរស់មានន័យនាំបំភាន់
មើលងាយគេឯងអាងខ្លួនគ្រាន់ គិតតែបច្ចុប្បន្នភ្លេចបរលោក។
ឬថាខ្លួនរស់រហូតទៅ ឥតមានអាស្រូវឥតសោយសោក
ប្រយ័ត្នខន្ធប្រាំបន្លំបោក រាល់រឿងស្មោកគ្រោកត្រូវកម្ចាត់។
ភ្លៀងធ្លាក់ទឹកកាត់ក្អាត់ស្រែកយំ អាសូរខ្លួនខ្ញុំកើតជាក្អាត់
ពុំបានធ្វើបុណ្យដ្បិតជាសត្វ តែមិនបំបាត់លួចប្លន់ទេ ។
រស់មានជីវិតទោះមនុស្សសត្វ រកស៊ីខ្វែងខ្វាត់ឥតទំនេរ
មិនត្រូវឆបោកលួចប្លន់កែ គួរតែរិះរេរកផ្លូវត្រូវ ។
មានក្រគ្រាន់តែកំដរចិត្ត ពេលអស់ជីវិតចិត្តប្រាសទៅ
រឿងមានឬក្រឥតនាំផ្លូវ អ្នកដែលនាំទៅគឺផលកម្ម ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥០)
No comments