Header Ads

២២- ឈ្នះអ្វីមិនស្មើឈ្នះខ្លួនឯង

ជ្រៃដុះលើត្នោតបញ្ឆោតសត្វជ្រឹង           ទាបខ្ពស់ឥតដឹងខំប្រឹងផ្កាផ្លែ

ចង់ឈ្នះចង់ខ្ពស់ចង់ឈ្មោះពូកែ              លើគេល្អដែរតែពិបាកដើរ ។

យកឈ្នះចាញ់គ្នាមានអ្វីប្រពៃ                ឈ្នះអ្នកដទៃមានអ្វីគ្រាន់បើ

បើឈ្នះខ្លួនឯងនោះទើបប្រសើរ              កុំឱ្យខន្ធប្រើបម្រើតណ្ហា។

ខំសាងសីលទានមានឈ្មោះឧត្តម           កុំភាន់ច្រឡំរួមផ្សំឥស្សា

នាំបែកសាមគ្គីចេញពាក្យវាចា               ដោយហិង្សាថា មានគេអត់ខ្ញុំ។

ស្ថានមួយធំណាស់មានអ្វីចង្អៀត            បើនៅទើសទៀតមានអ្វីសមរម្យ

បើមិនសង្រួមគុណធម៌រលំ                    ទោះសីលប៉ុនភ្នំក៏ត្រូវបាត់អស់។

ផ្ទះតូចចង្អៀតអាចជ្រៀតនៅបាន           ចង្អៀតសន្តានឥតមានចន្លោះ

បើគោរពធម៌អាចជួយរំដោះ                  ព្រះធម៌ជួយប្រស់ឱ្យចិត្តទូលាយ។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៤៨)

No comments

Theme images by Petrovich9. Powered by Blogger.