៧៥- ព្យុះចិត្តអប្រិយ
ដើមដូងដៀមដាមដល់ដើមស្លា ថាដើមតូចឆ្មារចង់ដូចគេ
ប្រយ័ត្នត្រូវខ្យល់អំពល់រេ ក្រែងដួលលើគេនាំអន្តរាយ។
ដើមស្លាតបថាដ្បិតខ្ញុំតូច មិនខូចដួលលើអ្នកទាំងឡាយ
ដ្បិតដើមប្រហោងខ្លឹមស្រោបកាយ អ្នកផងជិតឆ្ងាយតែងប្រើប្រាស់។
ដើមដូងស្លុតចិត្តអាណិតស្លា ដោយបានដឹងថាស្លាខំណាស់
ខំប្រឹងជួយទប់ខ្យល់អាកាស ខ្យល់ច្រើនមុខណាស់កក្រើកដី។
ផ្ទះឈើតូចតាចខ្លាចខ្យល់ព្យុះ ខ្យល់ធ្វើបាបមនុស្សឥតប្រណី
តែព្យុះនៅចាញ់ចិត្តអប្រិយ ចិត្តមនុស្សប្រុសស្រីឥតរូបកាយ។
បើល្អល្អណាស់គ្មានអ្វីដូច បើខូចខូចណាស់ហួសបរិយាយ
ចិត្តនាំឱ្យកូនញៀនសប្បាយ ហ៊ានធ្វើបាបម្តាយវាយឪពុក។
ខឹងក្រោធមួយភ្លែតខុសច្រើនណាស់ ប្រុសស្រីក្មេងចាស់ត្រូវចាំទុក
ពេលក្រោធកើតឡើងឥតយល់មុខ ទោះម្តាយឪពុកក៏ឥតស្គាល់ ។
លោកធម៌ទាំងឡាយចិត្តជាធំ អ្នកណាសើចយំចិត្តឥតខ្វល់
ក្រោធខឹងកើតឡើងគ្មានកុសល ត្រូវតែតម្កល់ចិត្តឱ្យល្អ។
ដោយឧបាសក គុយ សុធន
(សៀវភៅវិធីរម្ងាប់សេចក្តីក្រោធទំព័រ ៥៧)
No comments