Header Ads

IMF ជំរុញ​ឲ្យ G20 រក្សា​និរន្តរភាព​សេដ្ឋកិច្ច


ក្រុងវ៉ាស៊ីនតោនៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃ​សុក្រ​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​ ២០ (G20) ត្រូវ​បន្ត​អនុវត្ត​កំណែទម្រង់​ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នេះ​មាន​តុល្យភាព​ឡើង​វិញ និង​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​។

មូលនិធិ IMF បាន​ឲ្យ​ដឹង​ក្នុង​ឯកសារ​កំណត់ហេតុ​ត្រួតពិនិត្យ​ក្រុម​ប្រទេស G20 ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មូលនិធិ IMF និង​ធនាគារ​ពិភពលោក​នៅ​សប្ដាហ៍​ក្រោយ​ថា​៖ «​បន្ទាប់ពី​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​ថមថយ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​មាន​ភាព​រឹងមាំ ហើយ​គម្លាត​ទិន្នផល​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​រួម​តូច​ប្រហែល​ពាក់​កណ្ដាល​ក្នុង​ចំណោម​ក្រុម​ប្រទេស G20 ត្រឹម​ឆ្នាំ​ ២០១៨»​។

មូលនិធិ IMF បាន​បន្ថែម​ថា​៖ «​កំណើន​កាន់តែ​មាន​ភាព​រឹងមាំ ប៉ុន្តែ​នៅ​តែ​មាន​ក្តីបារម្ភ​»​។ ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​បាន​បន្ត​មើល​ឃើញ​តម្រូវការ​មិន​គ្រប់គ្រាន់ និង​អតិផរណា​ដែល​ទាប​ជាង​កម្រិត​ទិសដៅ ហើយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​បញ្ហា​ដោយសារ​ទំនិញ​ប្រើប្រាស់​មាន​តម្លៃ​ទាប​។

នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ និង​កំពុង​អភិវឌ្ឍន៍​ការ​កើនឡើង​យឺត​នៃ​ទិន្នផល​ប្រកប​ដោយ​សក្ដានុពល និង​កំណើន​ផលិតភាព​ដែល​កំពុង​នៅ​ត្រឹង​កំពុង​គំរាម​កំហែង​ដល់​ស្ថិរភាព​កំណើន​កាន់តែ​ខ្ពស់​។ នេះ​បើ​យោង​តាម​មូលនិធិ IMF​។

មូលនិធិ​នេះ​បាន​បន្ត​ថា​កំណើន​បំណុល​សាធារណៈ និង​ឯកជន និង​ការ​ធ្វើឲ្យ​មាន​តុល្យភាព​ឡើង​វិញ​ខាង​ក្រៅ​ដែល​កំពុង​ជាប់គាំង​បាន​បង្ហាញ​ថា អតុល្យភាព​នៅ​តែ​មាន​នៅ​ក្នុង​ក្រុម​ប្រទេស G20​។

មូលនិធិ IMF ឲ្យ​ដឹង​ថា​៖ «​សម្ទុះ​កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន​គឺជា​ឱកាស​មួយ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ទាំង​នេះ និង​ធ្វើឲ្យ​មាន​ស្ថិរភាព​ដល់​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​»​។

យោង​តាម​អនុសាសន៍​គោលនយោបាយ​របស់​ខ្លួន​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នានា​ដូចជា​អាមេរិក និង​ជប៉ុន​ចាំបាច់​ត្រូវ​អនុវត្ត​ផែនការ​ពង្រឹង​សារពើពន្ធ​ប្រកប​ដោយ​មហិច្ឆតា​កាន់តែ​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​បំណុល​សាធារណៈ ខណៈ​ដែល​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន និង​តំបន់​អឺរ៉ូ​គួរ​តែ​ដោះស្រាយ​ភាព​ងាយ​ទទួល​រងគ្រោះ​របស់​សាជីវកម្ម និង​ធនាគារ​។

មូលនិធិ IMF បាន​អំពាវនាវ​ឲ្យ​ចាត់​សកម្មភាព​រួម​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​កំណើន​ប្រកប​ដោយ​ស្ថិរភាព និង​កំណើន​ដែល​តុល្យភាព​។

មូលនិធិ​នេះ​បាន​បញ្ជាក់​ថា​៖ «​សកម្មភាព​រួម​នឹង​ជា​គន្លឹះ​មួយ​ក្នុង​ការ​ដោះស្រាយ​ប្រកប​ដោយ​ជោគជ័យ​ចំពោះ​ក្តីបារម្ភ​ថ្មីៗ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ការ​រក្សា​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​ពិភពលោក​»៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments

Theme images by Petrovich9. Powered by Blogger.