ធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញៈ ទោះបីជាការព្យាករកំណើនជារួមបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចពិភពលោក ពិសេសនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសចិនបន្តប្រកាន់យកចក្ខុវិស័យប្រកបដោយស្ថិរភាពនៅឆ្នាំនេះក៏ដោយ ក៏ធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០១៧ បន្តិចដោយសារការធ្លាក់ចុះតម្លៃការចេញសម្លៀកបំពាក់ និងភាពមិនច្បាស់លាស់ដែលអាចកើតមានជុំវិញការបោះឆ្នោតនៅឆ្នាំក្រោយ។
ការធ្វើបច្ចុប្បន្នភាពនៃការព្យាករសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបង្ហាញថា ខណៈសេដ្ឋកិច្ចរបស់ប្រទេសចិននឹងរក្សាអត្រា ៦,៧ ភាគរយនៅឆ្នាំនេះ ហើយនឹងធ្លាក់ចុះមកនៅត្រឹម ៦,៤ ភាគរយក្នុងឆ្នាំ ២០១៨ ដោយសារការធ្វើឲ្យមានតុល្យភាពឡើងវិញនៃការនាំចេញរបស់ខ្លួនឆ្ពោះទៅរកការប្រើប្រាស់ធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនរបស់ប្រទេសកម្ពុជាពី ៦,៩ ភាគរយមកនៅ ៦,៨ ភាគរយសម្រាប់ឆ្នាំ ២០១៧។
មូលហេតុនៃការទម្លាក់ការព្យាករបន្តិចនេះត្រូវបានសន្មតចំពោះការកើនឡើងប្រាក់ឈ្នួល «ពិត» នៅក្នុងវិស័យកាត់ដេរ ការធ្លាក់ចុះតម្លៃការនាំចេញ និងការបារម្ភមុនពេលបោះឆ្នោត។
ការធ្វើបច្ចុប្បន្នភាពនេះបានឲ្យដឹងថា៖ «កំណើនការនាំចេញផលិតផលវាយនភ័ណ្ឌបានធ្លាក់ចុះមកនៅត្រឹម ៥,៤ ភាគរយនៅឆមាសទី ១ ឆ្នាំ ២០១៧ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមាន ៨,៤ ភាគរយ»។
ការព្យាករនេះបន្ថែមថាការធ្លាក់ចុះនេះមួយផ្នែកការប៉ះប៉ូវដោយការបង្កើនការនាំចេញបន្ថែមតម្លៃកាន់តែខ្ពស់រួមមានគ្រឿងម៉ាស៊ីនអគ្គិសនី ឧបករណ៍ និងគ្រឿងបន្លាស់។
ខណៈរបាយការណ៍នេះមានភាពវិជ្ជមានជាទូទៅមានការបារម្ភពីទីផ្សារឥណទានដែលកើនឡើងខ្លាំងត្រូវបានទប់ស្កាត់ជាមួយនឹងការទម្លាក់ឥណទានមកនៅត្រឹម ១៨,២ ភាគរយ ត្រឹមពាក់កណ្ដាលឆ្នាំនេះធៀបនឹង ២៥,៨ ភាគរយកាលពីឆ្នាំ ២០១៦។
របាយការណ៍នេះបានកត់សម្គាល់ថា កំណើនប្រាក់បញ្ញើបានរក្សាភាពខ្លាំងក្នុងកំណើន ២០ ភាគរយ។
របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍កំពុងទទួលបានជោគជ័យជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរដែលមានកំណើន ១២,៨ ភាគរយនៅឆមាសទី ១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានកំណើន ៥ ភាគរយ។
លោក Sudhir Shetty ប្រធានសេដ្ឋវិទូធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានឲ្យដឹងថា ខណៈលោកមិនអាចអត្ថាធិប្បាយដោយផ្ទាល់លើការបារម្ភពីការបោះឆ្នោតនៅកម្ពុជាឆ្នាំក្រោយលោកបានបន្ថែមថាភាពមិនច្បាស់លាស់អាចរារាំងដល់ការវិនិយោគ។
លោកថ្លែងថា៖ «ជាទូទៅភាពមិនច្បាស់លាស់មិនមែនជារឿងល្អនោះទេសម្រាប់លំហូរចូលវិនិយោគបរទេស ហើយការធ្វើឲ្យកាន់តែអាក្រក់នៃមជ្ឈដ្ឋាននយោបាយអាចរារាំងការវិនិយោគ»។
ប៉ុន្តែលោកបន្ថែមថាសម្រាប់ប្រទេសកម្ពុជាដើម្បីបន្តផ្លូវកំណើនដ៏រឹងមាំរបស់ខ្លួន វិស័យកាត់ដេរចាំបាច់ត្រូវបង្កើនការនាំចេញរបស់ខ្លួនដោយការផលិតផលិតផលបន្ថែមតម្លៃកាន់តែខ្ពស់។
លោកថ្លែងថា៖ «មានការពឹងផ្អែកជ្រុលពេកលើឧស្សាហកម្មកាត់ដេរដោយទីផ្សារនាំចេញរបស់កម្ពុជាពឹងលើជាពិសេសលើសម្លៀកបំពាក់ ហើយច្បាស់ណាស់ការបង្កើតអត្រាប្រាក់ឈ្នួល និងការកើនឡើងតម្លៃរបស់ប្រាក់ដុល្លារធៀបនឹងរូបិយប័ណ្ណផ្សេងទៀត វាមាននិន្នាការធ្វើឲ្យចុះខ្សោយដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា»។
លោកបន្តថា៖ «ប៉ុន្តែបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជាគឺថានៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌ វាចាំបាច់ត្រូវបង្កើនចង្វាក់តម្លៃទៅជាផលិតផលទំនើបបន្ថែមទៀត»។
លោកបន្តថាមានឧបសគ្គក្នុងការធ្វើការងារដូចនោះសម្រាប់ឧស្សាហកម្មមួយដែលមានចំណែករហូតដល់ ៧០ ភាគរយនៃការនាំចេញ ជាពិសេសកង្វះហេដ្ឋារចនាសម្ព័ន្ធ និងតម្លៃអគ្គិសនីខ្ពស់។
លោក Stephen Higgins ដៃគូគ្រប់គ្រងការវិនិយោគ និងក្រុមហ៊ុនប្រឹក្សាយោបល់ Mekong Strategic Partners បានឲ្យដឹងថាប្រទេសកម្ពុជាចាំបាច់ត្រូវការវិធីសាស្ដ្ររយៈពេលវែងក្នុងការការពារសេដ្ឋកិច្ចចេញពីវិស័យកាត់ដេរ។
លោកថ្លែងថា៖ «កម្ពុជាត្រូវការរយៈពេលវែងក្នុងការផ្លាស់ប្តូរចេញពីវិស័យកាត់ដេរ ប៉ុន្តែវាមិនអាចធ្វើបានក្នុងរយៈពេលខ្លីទេ ដោយសារតែវានឹងត្រូវការរយៈពេលជាច្រើនឆ្នាំក្នុងការបង្កើនវិស័យផលិតភាពកាន់តែច្រើនក្នុងការទូទាត់សម្រាប់ការធ្លាក់ចុះវិស័យកាត់ដេរ»។
លោកបន្តថា៖ «ដូច្នេះបើវិស័យកាត់ដេររបស់អ្នកមានដំណើរការយឺត អ្នកនឹងមើលឃើញផលប៉ះពាល់អវិជ្ជមានដ៏សំខាន់លើសេដ្ឋកិច្ចកាន់តែធំ»។
លោក Miguel Eduardo Sanchez Martin សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសសម្រាប់ធនាគារពិភពលោកនៅកម្ពុជាបានបន្ថែមថាមានសញ្ញាដែលថាប្រទេសកម្ពុជាកំពុងធ្វើពិពិធកម្មយ៉ាងយឺតលើការនាំចេញរបស់ខ្លួន។
លោកថ្លែងថា៖ «ដំណឹងល្អគឺថាមានសញ្ញានៃការធ្វើពិពិធកម្មការនាំចេញជាមួយផលិតផលថ្មីៗដែលត្រូវបាននាំចេញពីកម្ពុជាដែលរួមមានគ្រឿងបន្លាស់រថយន្ត ទូរទស្សន៍ កង់ និងឧបករណ៍អគ្គិសនីតូចៗមួយចំនួន»។
លោកបានបន្ថែមទៀតថា៖ «អ្វីដែលកម្ពុជាចាំបាច់ត្រូវបន្តការងារគឺការរក្សាការប្រកួតប្រជែង និងការបន្ទាបតម្លៃនៃការចាប់ផ្ដើមអាជីវកម្មសម្រាប់វិនិយោគិនថ្មីៗ»៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments