ធនាគារជាតិនៃកម្ពុជា បង្ហាញពីភាពរីកចម្រើនរយៈពេលជាង ៣០ ឆ្នាំ
ភ្នំពេញៈ វិស័យហិរញ្ញវត្ថុកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងនៅជាង ៣០ ឆ្នាំកន្លងមក គិតចាប់ពីធនាគារកណ្តាលបានដាក់ឲ្យដំណើរការឡើងវិញនៅចុងឆ្នាំ ១៩៧៩ ហើយបានរួមចំណែកបង្កើនការប្រើប្រាស់ប្រាក់រៀលនៅសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់។ នេះបើយោងតាមតំណាងធនាគារជាតិនៃកម្ពុជា (NBC) កាលពីម្សិលមិញ។
NBCកាលពីម្សិលមិញបានប្រារព្ធខួបលើកទី៣៨ឆ្នាំនៃការបង្កើតឡើង ធនាគារជាតិនៃកម្ពុជាឡើងវិញបន្ទាប់ពីរបបខ្មែរក្រហម (ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៧៩ ដល់ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០១៧) ក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានស្តីពីប្រវត្តិនៃការបង្កើតឡើងវិញ បញ្ហាប្រឈម និងសមិទ្ធផលក្នុងរយៈពេល៣៨ឆ្នាំចុងក្រោយនេះ។
លោក ជា ចាន់តូ ទេសាភិបាលរបស់ NBC បានឲ្យដឹង កាលពីម្សិលមិញថា បន្ទាប់ពី NBC ត្រូវបានដាក់ឲ្យដំណើរការឡើងវិញនិយតករហិរញ្ញវត្ថុរបស់កម្ពុជាមួយនេះ បានដាក់ចេញនូវកំណែទម្រង់ចាំបាច់ និង បទប្បញ្ញត្តិជាច្រើនដើម្បីពង្រឹងប្រតិបត្តិការវិស័យធនាគារ ហើយជាលទ្ធផលវិស័យនេះបានរីកចម្រើនយ៉ាងខ្លាំង និងរក្សាបានសុខភាពរឹងមាំ។
លោក ចាន់តូ បានថ្លែងថា៖ «នៅរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ ទ្រព្យសកម្មវិស័យធនាគារបានកើនឡើងយ៉ាងរហ័ស ដល់ ១២៨ ពាន់ពាន់លានរៀល (ស្មើនឹង ៣២ ពាន់លានដុល្លារ) នាពេលបច្ចុប្បន្ន គឺបានកើនឡើង ៤១ ដង [ពី ១៦ ឆ្នាំមុន]»។
លោកបន្ថែមថា កម្ចីនៅក្នុងវិស័យធនាគារបានកើនឡើងដល់ ១៨,៥ ពាន់លានដុល្លារនាពេលនេះ ដែលកើនឡើង ៩៣ ដងកាលពី ១៦ ឆ្នាំមុន ខណៈប្រាក់បញ្ញើនៅក្នុងវិស័យធនាគារក្នុងរយៈពេលដូចគ្នាកើនឡើង ៥២ ដងដល់ ១៦,៣ ពាន់លានដុល្លារ។
លោកថ្លែងថា៖ «[ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយ] ចំនួនប្រាក់រៀលចរាចរក្នុងសេដ្ឋកិច្ចបានកើនឡើង១៦ដងដល់៨,៧ពាន់ពាន់លានរៀល(ស្មើនឹង ប្រមាណ ២,២ ពាន់លានដុល្លារ) ហើយប្រាក់បញ្ញើជារៀលកើនជាង ៤ ដងដល់ ៩៣៨,៥ លានដុល្លារ»។
យោងតាម លោក ចាន់តូ NBC បានតម្កល់ទុនបម្រុងបរទេសដល់ទៅ ៨,២ពាន់លានដុល្លារគិតមកទល់ពេលនេះ ដែលអាចធានាការនាំចូលរយៈពេល ៦ ខែ។
ក្នុងរយៈពេលកន្លងមក NBC បានធ្វើកំណែទម្រង់សំខាន់ៗជាច្រើន ក្នុងចំណោមនោះ ការតម្រូវឲ្យគ្រឹះស្ថានធនាគារដំឡើងទុនចុះបញ្ជីបានធ្វើឡើង៣ដង។
កាលពីអំឡុងដើមឆ្នាំ ២០០០ NBC បានតម្រូវឲ្យគ្រឹះស្ថានធនាគារពាណិជ្ជសុំអាជ្ញាប័ណ្ណឡើងវិញដោយត្រូវមានដើមទុនចុះបញ្ជីយ៉ាងហោចណាស់ ១២,៥ លានដុល្លារ បន្ទាប់មកដំឡើងដល់ ៣៧,៥ លានដុល្លារនៅឆ្នាំ ២០០៨ និងបន្តដំឡើងដល់ ៧៥ លានដុល្លារកាលពីឆ្នាំ២០១៦។
លោក ង៉ែត ជូ អ្នកប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានឲ្យដឹងកាលពីម្សិលមិញថា ការធ្វើកំណែទម្រង់ និងការអនុវត្តបទប្បញ្ញត្តិបង្កើនដើមទុនចុះបញ្ជីកន្លងមកបានធ្វើឲ្យប្រតិបត្តិការវិស័យធនាគារមានការរីកចម្រើន និងរឹងមាំ។
លោកបន្តថា វិស័យធនាគារកម្ពុជាអាចចាត់ទុក ជាវិស័យមួយដែលមានការរីកចម្រើនរហ័សក្នុងចំណោមវិស័យសំខាន់ៗផ្សេងៗទៀតក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ដោយបានបង្កើតផលិតផលហិរញ្ញវត្ថុកាន់តែចម្រុះឡើងបន្ថែមតែពីប្រាក់កម្ចី ព្រមទាំងពង្រីកវិសាលភាពផ្តល់សេវាកាន់តែច្រើនឡើង។
លោកថ្លែងថា៖ «ជារួម យើងឃើញថា វិស័យហិរញ្ញវត្ថុជាវិស័យមួយដែលមានការអភិវឌ្ឍរហ័សជាងគេធៀបនឹងវិស័យផ្សេងទៀត»។
លោកបន្តថា៖ «យើងរំពឹងថារដ្ឋាភិបាលនឹងបន្តធានាស្ថិរភាពនយោបាយឲ្យបានល្អជាងបច្ចុប្បន្ន ដើម្បីជំរុញកំណើនវិស័យនេះឲ្យបានកាន់តែខ្លាំង»៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments