Header Ads

ការ​រំពឹង​ទុក​ពី​ការ​ប្រើ​ប្រាស់ Bitcoin នៅ​កម្ពុជា


ភ្នំពេញៈ មិន​មាន​មនុស្ស​ច្រើន​ទេ​នៅ​កម្ពុជា​ដែល​ស្គាល់​ថា អ្វី​ទៅ​ជា Bitcoin ព្រោះ​ជា​គំនិត​ថ្មី​មួយ​។ វា​បាន​ចូល​មក​ប្រទេស​នេះ​យូរ​ដែរ​ហើយ ប៉ុន្តែ​ដោយ​សារ​មិន​សូវ​មាន​អ្នក​ស្គាល់ ការ​ប្រើ​ប្រាស់​ក៏​ស្ទើរ​តែ​គ្មាន​ផង​ដែរ​។

ស្រដៀង​គ្នា​នឹង​កាបូប​លុយ​ទូរស័ព្ទ​ (Wallet) ដែល​អ្នក​បញ្ចូល​លុយ​ទៅ​ក្នុង​គណនេយ្យ​របស់​អ្នក ហើយ​ទូទាត់​ទំនិញ​ដោយ​ប្រើ​ទឹក​ប្រាក់​ក្នុង​គណនេយ្យ ប៉ុន្តែ​សម្រាប់ Bitcoin គឺជា​រូបិយប័ណ្ណ​ឌីជីថល ដែល​អ្នក​កាន់ Bitcoin អាច​ទូទាត់​ទំនិញ ជាមួយ​នឹង​ហាង​ដែល​ទទួល​យក​រូបិយប័ណ្ណ Bitcoin នេះ​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ក៏​អាច​លក់ Bitcoin ទៅ​ឲ្យ​អ្នក​ដទៃ​បាន​។ វា​ជា​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​មួយ និង​ភាគី​មួយ ឬ​រវាង​អ្នក​កាន់ Bitcoin និង​អ្នក​ទទួល​យក​វា​។

អ្នក​យក​ព័ត៌មាន Robin Spiess បាន​ជួប​ជាមួយ​លោក Steve Miller អគ្គនាយក CryptoAsia ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ការ​ទិញ​លក់​ឬ ជា​ច្រក​ទូទាត់ Bitcoin នៅ​កម្ពុជា ដើម្បី​និយាយ​ពី​ដំណើរការ​សេវា​នេះ​នៅ​កម្ពុជា និង​ការ​ពន្យល់​ខ្លះៗ​ពី Bitcoin​ដោយ​រំពឹង​ថា​Bitcoin នឹង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​។

តើ CryptoAsia ជា​អ្វី ហើយ​វា​ផ្ដល់​សេវា​អ្វីខ្លះ​?

ខ្ញុំ​បាន​ចូល​ក្នុង​អាជីវកម្ម Bitcoin (​ប្រព័ន្ធ​ទូទាត់​ឌីជីថល ឬ រូបិយប័ណ្ណ​ឌីជីថល​) អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាន​កត់​សម្គាល់​ថា មិន​មាន​ការ​គ្រប់​គ្រង​ពិត​ប្រាកដ​ទេ ហើយ​ក្រុមហ៊ុន​នេះ​នឹង​កា្លយ​ជា​ស្ថាប័ន​សាធារណៈ ដែល​ឯកទេស​ខាង​បច្ចេកវិទ្យា​បដិវត្តន៍​ថ្មី​នៅ​ទីនេះ​។ ទិសដៅ​ដ៏​សំខាន់​សម្រាប់​ខ្ញុំ​គឺ​គ្រាន់​តែ​ចង់​ដាក់ bitcoin លើ​ផែនទី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បង្កើន​ការ​ទទួល​យក bitcoin នៅ​ក្នុង​ប្រទេស​នេះ​។

សេវា​ដែល​យើង​ផ្ដល់​នៅ​ពេល​នេះ​គឺ​ច្រក​ចូល​ទូទាត់ Bitcoin ដែល​ធ្វើ​ឲ្យ​កាន់​តែ​ងាយស្រួល​សម្រាប់​ហាង​លក់ ក្នុង​ការ​ទទួល​យក bitcoin ហើយ​យើង​នឹង​ដាក់​បង្ហាញ​នូវ​ទម្រង់​ដោះដូរ​នៅ​ចុងឆ្នាំ​នេះ ដែល​អ្នក​អាច​ទិញ និង​លក់​តាម​រយៈ bitcoin បាន​។

Bitcoin ជា​រូបិយប័ណ្ណ​ឌីជីថល​ដែល​ធ្វើ​ការ​ទូទាត់ រវាង​បុគ្គល និង​បុគ្គល ហើយ​វា​មិន​ត្រូវ​ការ​ប្រព័ន្ធ​សេវា​មេ ឬ​ភាគី​ទី​ ៣ នោះ​ទេ​។ មាន​រឿង​គួរ​ឲ្យ​អស់​សំណើច​បន្តិច​នៅ​ក្នុង CryptoAsia ដោយ​បាន​ណែនាំ​ខ្លួន​យើង​ជា​ភាគី​ទី​៣ ដោយ​សារ​តែ​ទស្សនវិជ្ជា​នៅ​ពី​ក្រោយ bitcoin គឺ​អន្ត​រកម្ម ដូច្នេះ​មិន​ត្រូវ​ការ​ភាគី​ទី​៣ ឬ​នរណា​ម្នាក់​ក្នុង​ការ​ដំណើរការ​ប្រតិបត្តិការ​របស់​អ្នក​នោះ​ទេ​។

CryptoAsia ប្តូរ bitcoin ទៅ​ជា​ប្រាក់​ដុល្លារ ហើយ​បន្ទាប់​មក​ទូទាត់​ឲ្យ​អ្នក​ចំនួន​ប្រាក់​ដុល្លារ​ពិត​ប្រាកដ​។ ប្រតិបត្តិការ​នោះ​ផ្ដល់​ហាង​លក់​នូវ​លទ្ធភាព​ក្នុង​ការ​ការពារ​ទប់ទល់​នឹង​ការ​ប្រែ​ប្រួល​តម្លៃ​នៅ​ក្នុង bitcoin​។

តើ​នេះ (​ក្រុមហ៊ុន​) ជា​ច្រក​ទូទាត់ Bitcoin លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​ឬ ហើយ​តើ​វា​ដំណើរ​ការ​ដូច​ម្ដេច​?

ពិត​ហើយ​! យើង​ជា​ក្រុមហ៊ុន​ដំបូង​គេ​។ យើង​ដំឡើង​ឧបករណ៍​មួយ​លើ​គេហ​ទំព័រ​របស់​ហាង​លក់​ដែល​បង្កើត​អាសយដ្ឋាន bitcoin​។ ហាង​លក់​ទាំង​អស់​ត្រូវ​តែ​ធ្វើ​គឺ​បញ្ចូល​ចំនួន​ប្រាក់​ដុល្លារ​ទៅ​ក្នុង​នោះ ហើយ​ក្រុមហ៊ុន​នេះ​បង្កើត​វា​នៅក្នុង​bitcoin ជាមួយ​អាសយដ្ឋាន​ទូទាត់​តែ​មួយ​គត់​។ វា​មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​អន​ឡាញ ហើយ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ហាង​លក់ ប្រសិន​បើ​អ្នក​មាន​ទូរស័ព្ទ​ស្មាត​ហ្វូន ឬ​ថេប្ល៊ិត​។

ខ្ញុំ​រំពឹង​ថា ទីបញ្ចប់​នឹង​ត្រូវ​បាន​ទទួល​យក​លើ​មូលដ្ឋាន​ដ៏​ធំ​មួយ ដូច្នេះ CryptoAsia នឹង​ផ្ដល់​ទីតាំង​ខ្លួន​ឯង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ពេល​ការ​ទទួល​យក​នោះ​កើត​ឡើង​។

តើ​ផ្សព្វផ្សាយ​ការ​ប្រើ​ប្រាស់ និង​ការ​ទទួល​យក Bitcoin ដូច​ម្ដេច​នៅ​ក្នុង​ប្រទេស​កម្ពុជា​?

ការ​ប្រើ​ប្រាស់ Bitcoin ភាគ​ច្រើន​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មិន​មាន​ក្រុមហ៊ុន​ធំៗ​នៅ​ទីនេះ ដែល​ទទួល​យក bitcoin នោះទេ ប៉ុន្តែ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​មាន​ការ​ផ្លាស់​ប្តូរ​វិជ្ជាជីវៈ និង​សកម្មភាព bitcoin​។ ពិត​ហើយ មាន​មនុស្ស​ជាច្រើន​ដឹង​ការ​ផ្លាស់​ប្តូរ​សម្រាប់​ការ​រស់​នៅ​ក្នុង​ប្រទេស ​កម្ពុជា ហើយ​ខ្ញុំ​ទទួល​បាន​អតិថិជន​ខ្មែរ​ជាច្រើន​។ វា​មិន​អាច​វាស់​វែង​ពិត​ប្រាកដ​ថា តើ​ប្រជាជន​ច្រើន​ប៉ុន្មាន​ដែល​ប្រើប្រាស់ bitcoin នៅទីនេះ ប៉ុន្តែ​ចំនួន​គឺ​ខ្ពស់​ជាង​ប្រជាជន​ដែល​បាន​ដឹង​។

តើ​ថ្មីៗ​នេះ Bitcoin ប្រតិបត្តិការ​ដូច​ម្ដេច​ដែរ ហើយ​វា​ងាយស្រួល និង​សុវត្ថិភាព​ដូច​ម្ដេច សម្រាប់​ប្រជាជន​ក្នុង​ការ​ប្រើប្រាស់ Bitcoin ជា​រូបិយប័ណ្ណ ឬ​ការ​វិនិយោគ​?

Bitcoin កើន​ឡើង​ជាង​ ៤០០​ ភាគរយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​។ វា​ជា​ទម្រង់​ទូទាត់​មាន​សុវត្ថិភាព​បំផុត​លើ​ពិភពលោក​។ ការ​ធ្វើ​បដិវត្ត​របស់ bitcoin គឺថា វា​ជា​បណ្ដាញ​ចែក​ចាយ​វិមជ្ឈការ​មួយ​។ មាន​រូបិយប័ណ្ណ​ឌីជីថល​ពីមុន ប៉ុន្តែ​រូបិយប័ណ្ណ​ទាំង​នោះ​តែង​តែ​ត្រូវបាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​កណ្ដាល​។

ទោះបី​យ៉ាង​ណា ទាក់ទង​នឹង​ការ​វិនិយោគ ខ្ញុំ​នឹង​មិន​អត្ថាធិប្បាយ​ពី​វា​ទេ​។ កុំ​វិនិយោគ​ច្រើន​ជាង​អ្វី​ដែល​អ្នក​អាច​មាន​លទ្ធភាព​ខាតបង់​។

តម្លៃ​នៃ​ការ​ប្រែ​ប្រួល bitcoin ការ​កើន​ឡើង និង​ការ​ធ្លាក់​ចុះ​តាម​ទម្រង់​ដែល​គួរ​ឲ្យ​កត់​សម្គាល់​។ ខ្ញុំ​ថា វា​នឹង​មាន​ស្ថិរភាព​កាន់​តែ​ខ្លាំង ខណៈ​ពេលវេលា​កន្លង​ផុត​ទៅ ប៉ុន្តែ អ្នក​ត្រូវតែ​គិតពី​វា​ទាក់ទង​នឹង​បច្ចេកវិទ្យា​បដិវត្តន៍​ថ្មី​ណាមួយ​។ Bitcoin គឺ​នៅតែ​ស្ថិតក្នុង​ភាព​ក្មេងខ្ចី​នៅ​ឡើយ​។

ទោះបីជា វា​នឹងមិន​ស្ថិតក្នុង​របៀប​នោះ​រយៈពេល​យូរ​នោះទេ​ក៏ដោយ ក៏​ខ្ញុំ​គិតថា​រយៈពេល​ ២ ​ឬ ​៣ ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ វា​នឹង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។

តើ​បចេ្ចក​វិទ្យា blockchain គឺជា​អ្វី​?

ក្នុង​ចំណុច​ស្នូល វា​គ្រាន់​តែ​ជា​តារាង​ទិន្នន័យ​មួយ​ប៉ុណ្ណោះ​។ វា​ជា​យន្តការ​ស្ដុក​ទុក​មួយ​សម្រាប់​ទិន្នន័យ​។ យើង​បាន​បង្ហាញ​មធ្យោបាយ​មួយ​សម្រាប់​សាធារណ​ជន​ក្នុង​ការ​ផ្លាស់​ប្តូរ​តារាង​ទិន្នន័យ​នេះ​ដោយ​មិន​មាន​ភាព​ពុករលួយ​ណា​មួយ​នៃ​អ្នក​ចូល​មុនៗ​នៅក្នុង​តារាង​ទិន្នន័យ​នេះ​ទេ ដូច្នេះ​វា​មិន​អាច​ក្លែង​បន្លំ​ប្រតិបត្តិការ​បាន​ទេ​។

ធនាគារ​កណ្ដាល​របស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​លើ​គម្រោង​តារាង​ទិន្នន័យ​នេះ​។ តើ​ហេតុអ្វី​ក៏​អ្នក​គិតថា វា​មាន​សារៈ​សំខាន់​?

ខ្ញុំ​គិត​ថា វា​ពិតជា​លើក​ទឹក​ចិត្ត ដែល​ពួក​គេ​នឹង​ទទួល​យក​បច្ចេកវិទ្យា​ថ្មី​នេះ ដោយ​សារ​តែ​វា​ផ្ដល់​សញ្ញា​ល្អ​សម្រាប់​ពួក​យើង​។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ធនាគារ​កណ្ដាល​នឹង​បង្ហាញ​ប្រព័ន្ធ​តារាង​ទិន្នន័យ​កណ្ដាល​មួយ ដូច្នេះ​វា​ពិតជា​មិនមាន​អត្ថប្រយោជន៍​ដូច​គ្នា​នឹង​តារាង​ទិន្នន័យ​របស់ bitcoin នោះ​ទេ​។ តារាង​ទិន្នន័យ bitcoin ត្រូវ​បាន​ធានា​សុវត្ថិភាព​ដោយ​ចំនួន​ដែល​មិន​អាច​យល់​បាន​នៃ​ថាមពល​កុំព្យូទ័រ​។

នៅ​ពេល​អ្នក​ប្រើ​ប្រាស់​តារាង​ទិន្នន័យ​ឯកជន វា​មាន​សុវត្ថិភាព​ដូចជា​ស្ថាប័ន​ឯកជន​ដែល​ប្រើប្រាស់​វា​ប៉ុណ្ណោះ ដូច្នេះ​ការ​បារម្ភ​ដ៏​ធំ​របស់​ពួក​គេ​គួរ​តែ​មាន​សុវត្ថិភាព​។

ក្រៅពី​រូបិយប័ណ្ណ តើ​អ្វី​ដែល​ឧស្សាហកម្ម​ផ្សេង​ទៀត​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​គំរូ​តារាង​ទិន្នន័យ​នេះ​?

កម្មវិធី​ដំបូង ហើយ​ប្រហែល​ជា​សំខាន់​បំផុត​សម្រាប់ bitcoin គឺ​រូបិយប័ណ្ណ ប៉ុន្តែ bitcoin គឺ​គ្រាន់តែ​ជា​ប្រព័ន្ធ​គណនេយ្យ​មួយ​ប៉ុណ្ណោះ​។ អ្នក​អាច​ប្រើប្រាស់​វា​ជា​កំណត់ត្រា​សាធារណៈ​មួយ​ក្នុង​ការ​កត់​ត្រា​ទិន្នន័យ​ដែល​អ្នក​មិន​ចង់​ឲ្យ​គេ​ក្លែង​បន្លំ​បាន​។

វា​មាន​ប្រយោជន៍​សម្រាប់​ការ​បោះឆ្នោត​។ ការ​ប្រើប្រាស់​តារាង​ទិន្នន័យ bitcoin យើង​អាច​បោះឆ្នោត​ដោយ​មិន​មាន​នរណា​ម្នាក់​ដែល​ចាំបាច់​ត្រូវ​រាប់​សន្លឹក​ឆ្នោត​របស់​អ្នក​នោះទេ ដោយ​សារ​តែ​តារាង​ទិន្នន័យ​នេះ​គឺជា​សវនកម្ម​ដ៏​ល្អ និង​លុប​បំបាត់​លទ្ធភាព​ក្លែងបន្លំ​។ សេវា​ទូទាត់​ជា​សាច់​ប្រាក់​សុទ្ធ សេវា​ផ្សារ​ហ៊ុន និង​សេវា​សា​ការី​អាច​ប្រើប្រាស់​គំរូ​តារាង​ទិន្នន័យ​នេះ​បាន​៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments

Theme images by Petrovich9. Powered by Blogger.