Header Ads

ចិន ​មាន​ទុនបម្រុង​ជា​មាស​ចំនួន​ជាង​ ១២ ​ពាន់​តោន



ក្រុងប៉េកាំងៈ ទ្រព្យ​បម្រុង​ជា​មាស​របស់​ប្រទេស​ចិន​បាន​កើនឡើង​ដល់ ១២ ១០០ ​តោន​នៅ​ចុង​ឆ្នាំ​ ២០១៦ ដោយ​បាន​ធ្វើឲ្យ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​នៅ​ក្នុង​ពិភពលោក​មួយ​នេះ​ក្លាយ​ជា​ប្រទេស​ដែល​កាន់កាប់​មាស​ច្រើន​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក​បន្ទាប់ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។

លោក Zhang Yongtao អនុប្រធាន​សមាគម​មាស​ចិន (CGA) បាន​ប្រកាស​តួលេខ​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​។

លោក Zhang ដែល​បាន​រំពឹង​ថា​បរិមាណ​មាស​អាច​នឹង​កើនឡើង​ខ្ពស់​ជាង ១០ ​ម៉ឺន​តោន​នៅ​ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​បាន​ឲ្យ​ដឹង​ថា​កាលពី​ឆ្នាំ​មុន​ប្រតិបត្តិការ​ទិញ​លក់​មាស​សរុប​នៅ​ទីផ្សារ​ប្រទេស​ចិន រួម​ទាំង​ការ​ជួញដូរ​នៅ​ផ្សារ​ដោះដូរ​មាស ផ្សារ​ជួញដូរ​កិច្ចសន្យា​អនាគត និង​ការ​ទិញ​លក់​មាស​នៅ​ទីផ្សារ​រំលង​បញ្ជរ​តាម​ធនាគារ​ពាណិជ្ជ​បាន​កើនឡើង​ដល់ ៧ ​ម៉ឺន​តោន​។

ប្រទេស​ចិន​គឺជា​ប្រទេស​ផលិត​មាស​ធំ​ជាង​គេ​របស់​ពិភពលោក​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ជា​ប្រទេស​ប្រើប្រាស់​មាស​ច្រើន​ជាង​គេ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ប្រទេស​ចិន​មាន​បំណង​បង្កើន​ទិន្នផល​មាស​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ពី​ចំនួន​ប្រមាណ ៤៥០ ​តោន​នា​ពេល​បច្ចុប្បន្ន​ដល់ ៥០០ ​តោន​នៅ​ឆ្នាំ​ ២០២០​។

យោង​តាម​សមាគម CGA បាន​ឲ្យ​ដឹង​ថា​នៅ​ឆមាស​ទី​ ១ ​ក្នុង​ឆ្នាំ​នេះ​បរិមាណ​មាស​សរុប​ចំនួន​ ២០៧ ​តោន​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​ចិន​ដោយ​បាន​ធ្លាក់​ចុះ ៩,៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ទន្ទឹម​នឹង​នោះ​ដែរ​តម្រូវការ​ប្រើប្រាស់​មាស​បាន​កើនឡើង​ជិត​ ១០ ​ភាគរយ​ក្នុង​ឆមាស​ទី​ ១ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដល់ ៥៤៥ ​តោន​ដោយ​តម្រូវការ​ប្រើប្រាស់​មាស​ដុំ​បាន​កើនឡើង​ខ្ពស់​ជាង ៥០ ​ភាគរយ​៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments

Theme images by Petrovich9. Powered by Blogger.